កិច្ចសហប្រតិបត្តិការកសិកម្ម ឡានឆាង-មេគង្គ ៖ រយៈកាល ៥ ឆ្នាំដែលទទួលបានលទ្ធផលជាផ្លែផ្កា

lmcchina.org, April 14, 2021
Size:

ឆ្នាំនេះជាខួបលើកទី ៥ នៃការបង្កើតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ។ វិស័យកសិកម្ម និងកិច្ចកាត់បន្ថយភាពក្រីក្រជាចំណុចអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពសំខាន់ទាំង ៥ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ។ តំបន់ទន្លេឡានឆាង-មេគង្គមានទីតាំងភូមិសាស្ត្រ និងល័ក្ខខ័ណ្ឌអាកាសធាតុអំណោយផល ហើយសម្បូរដោយធនធានធម្មជាតិ ។ ប្រទេសទាំង ៦ មានក្តីសង្ឃឹមដូចគ្នា និងមានតម្រូវការរួមគ្នា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យកាត់បន្ថយភាពក្រីក្រ ដោះស្រាយបញ្ហាអត់ឃ្លាន ធានាឱ្យមានសន្តិសុខ និងជីវជាតិស្បឿងអាហារ លើកកម្ពស់សមត្ថភាពនៃការបង្កបង្កើនផល និងជំរុញការអភិវឌ្ឍន៍ជានិរន្តរភាពតាមតំបន់ជនបទ ។ ក្រោមការជំរុញពីយន្តការស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ប្រទេសទាំង ៦ នឹងអាចមានអនាគតដ៏ភ្លឺស្វាងក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា

-យន្តការស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គកាន់តែមានភាពល្អប្រសើរ ។ នៅឆ្នាំ ២០១៧ ក្រុមការងាសហប្រតិបត្តិការកសិកម្ម ឡានឆាង-មេគង្គត្រូវបានបង្កើតឡើងជាផ្លូវការ ដែលបានរួមចំណែកយ៉ាងច្រើនក្នុងការសម្របសម្រួលការផ្លាស់ប្តូរគោលនយោបាយ និងការតភ្ជាប់យុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការកសិកម្មឡានឆាង-មេគង្គ ។ នៅខែមករា ឆ្នាំ ២០១៩ មជ្ឈមណ្ឌលសហប្រតិបត្តិការកសិកម្មឡានឆាង-មេគង្គត្រូវបានបង្កើតឡើងជាផ្លូវការ មជ្ឈមណ្ឌលនេះចាត់ទុកការផ្តល់សេវាកម្មដល់វិស័យកសិកម្មក្នុងតំបន់ជាគោលដៅអភិវឌ្ឍន៍ ហើយដើរតួនាទីជាស្ថាប័នសម្របស្រួល និងផ្តល់ការគាំទ្រក្នុងតំបន់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យកសិកម្ម

-ការគូរប្លង់ជាទូទៅបានលេចចេញរូបរាងដំបូង ។ នៅខែមករា ឆ្នាំ ២០២០ ស្ថាប័នកសិកម្មនៃប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ បានអនុម័ត“ផែនការសកម្មភាពរយៈពេល ៣ ឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការកសិកម្មឡានឆាង-មេគង្គ” ដែលបានឆ្លុះបញ្ចាំងឱ្យឃើញថា ប្រទេសទាំង ៦ នឹងបង្កើនកិច្ចសន្ទនាអំពីគោលនយោបាយកសិកម្ម ការអភិវឌ្ឍមុខរបរកសិកម្ម ពាណិជ្ជកម្មកសិកម្ម ការវិនិយោគកសិកម្មផ្នែកឯកជន ការកសាងសមត្ថភាពនិងចែករំលែងចំណេះដឹង ព្រមទាំងវិស័យអាទិភាពផ្សេងៗទៀត រួមគ្នាជំរុញការអភិវឌ្ឍវិស័យកសិកម្មនៃប្រទេសជាសមាជិក

-ការផ្លាស់ប្តូរបច្ចេកទេសផ្តល់ការអនុគ្រោះដល់ភាគីនានា ។ ប្រទេសជាសមាជិករួមគ្នាផ្សព្វផ្សាយពីគ្រាប់ពូជល្អៗ និងបច្ចេកទេសគំរូ តាមរយៈការបង្កើតកសិដ្ឋានសាកល្បងបណ្តុះគ្រាប់ពូជកសិកម្ម និងកសិដ្ឋានគំរូជាដើម ដើម្បីជួយជំរុញការបង្កបង្កើនផលកសិកម្ម និងបង្កើនចំណូលរបស់ប្រជាកសិករ ។ ប្រទេសផ្សេងៗបានរួមគ្នាធ្វើការផ្លាស់ប្តូរ និងរៀបចំវគ្គបណ្តុះបណ្តាលអំពីការបណ្តុះបណ្តាលធនធានមនុស្សកសិកម្ម ការបង្ការជំងឺសត្វឆ្លងដែន ការគ្រប់គ្រងជីវឧស្ម័ន និងថ្នាំសម្លាប់សត្វល្អិតជាដើម ដើម្បីផ្តល់ដល់បណ្តាប្រទេសនានានូវបទពិសោធន៍ និងចំណេះដឹងដ៏មានតម្លៃក្នុងការអភិវឌ្ឍវិស័យកសិកម្ម

-គម្រោង“ប្រមូលផល ឡានឆាង-មេគង្គ”កំពុងដំណើរការអនុវត្តយ៉ាងរលូន ។ ក្រោមការគាំទ្រពីមូលនិធិពិសេសអំពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ប្រទេសទាំង ៦ បានអនុវត្តគម្រោងកសិកម្មជាងមួយរយគម្រោង ដែលមានពាក់ព័ន្ធនឹងការដាំដុះស្រូវ ដើមកៅស៊ូ ផ្លែឈើ និងបន្លែបង្ការ ការការពារសត្វល្អិតនិងដង្កូវស៊ីដំណាំ ការចិញ្ចឹមសត្វ ការនេសាទត្រី ការកែច្នៃកសិផល ការធ្វើពាណិជ្ជកម្មកសិផល ការអភិវឌ្ឍតំបន់ជនបទនិងកិច្ចកាត់បន្ថយភាពក្រីក្រ ព្រមទាំងការកសាងសមត្ថភាពជាដដើម ។ គម្រោងទាំងនេះបានទទួលនូវសមិទ្ធផលច្រើនគួរឱ្យកត់សម្គាល់

-ការធ្វើពាណិជ្ជកម្ម និងវិនិយោគលើវិស័យកសិកម្មកើនឡើងជាបន្តបន្ទាប់ ។ ទោះបីជាពិភពលោកយើងបានរងឥទ្ធិពលអវិជ្ជមានពីជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែប្រទេសចិន និងប្រទេសទន្លេមេគង្គទាំង ៥ បានសម្រេចនូវទំហំពាណិជ្ជកម្មកសិផលប្រចាំឆ្នាំ ២០២០ ចំនួន ២៣៧៥០ លានដុល្លារអាមេរិក កើនឡើង ១២% បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ។ ក្នុងនោះ ទំហំនាំចូលមានចំនួន ១៣០៨០ លានដុល្លារអាមេរិក កើនឡើង ១៦,% ចំណែកទំហំនាំចេញមានចំនួន ១០៦៦០ លានដុល្លារអាមេរិក កើនឡើង ៧%

នៅពេលយើងកំពុងបូកសរុបបទពិសោធន៍ និងសមិទ្ធផល កិច្ចសហប្រតិបត្តិការកសិកម្មឡានឆាង-មេគង្គនៅតែប្រឈមនឹងបញ្ហាលំបាក និងការសាកល្បងដ៏ច្រើន ។ យើងទាំងអស់គ្នាត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកកម្ពស់បន្ថែមទៀតនូវកម្រិតថ្នាក់នៃកិច្ចសហប្រតិបត្តិការ