កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គចាប់ដំណើរការរយៈពេល ៥ ឆ្នាំ ការផ្លាស់ប្តូរយុវជន និងកិច្ចសហប្រតិបត្តិការរវាងសាលារៀននិងតំបន់មូលដ្ឋានក្លាយជានាមបណ្ណដ៏ទាក់ទាញ

lmcchina.org, April 13, 2021
Size:

   ឆ្នាំនេះជាខួបលើកទី ៥ នៃការបង្កើតកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនោះ ក្រោមកិច្ចខិតខំប្រឹងប្រែង និងការចូលរួមពីប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ការផ្លាស់ប្តូរអំពីការអប់រំថ្នាក់ឧត្តមសិក្សា និងមនុស្សសាស្ត្របានក្លាយជាផ្នែក និងខ្លឹមសារដ៏សំខាន់នៃយន្តការសហប្រតិបត្តិការឡានឆាង-មេគអង្គ ។ នៅថ្ងៃទី ២៦ ខែមីនា វេទិកាស្តីពីការផ្លាស់ប្តូរយុវជន និងកិច្ចសហប្រតិបត្តិការរវាងសាលារៀននិងតំបន់មូលដ្ឋាន ត្រូវបានរៀបចំនៅសាកលវិទ្យាល័យ ហ្វូតាន ។ ក្នុងឱកាសនេះ កម្មវិធី“យុវជនឡានឆាង-មេគង្គ អនឡាញ”ត្រូវបានចាប់ដំណើរការជាផ្លូវការ

    កម្មវិធី“យុវជនឡានឆាង-មេគង្គ អនឡាញ”នេះជាប្រព័ន្ធចម្រុះមួយដែលរួមមានមុខងារអំពីការធ្វើទំនាក់ទំនងគ្នា ការរៀនតាមអនឡាញ និងការគ្រប់គ្រងការប្រកួតជាដើម ។ គ្រូបង្រៀន និងនិស្សិតនៃសាកលវិទ្យាល័យប្រទេសទាំង ៦ អាចប្រើកម្មវិធីនេះតាមទូរស័ព្ទដៃ ឬតាមកុំព្យូទ័រ ដើម្បីធ្វើការផ្លាស់ប្តូរគ្នា រៀនសូត្រតាមអនឡាញ ចូលរួមកម្មវិធីបណ្តុះបណ្តាល ឬក៏រៀបចំការប្រកួត ។

 លោក ជី លីងភឺង អ្នកសម្របសម្រួលថ្នាក់ជាតិរងនៃលេខាធិការដ្ឋានប្រចាំនៅប្រទេសចិននៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានសង្កត់ធ្ងន់ថា មជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការយុវជនឡានឆាង-មេគង្គបានបង្កើតគំរូដ៏ល្អសម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការពហុភាគីក្រោមក្របខ័ណ្ឌឡានឆាង-មេគង្គ ហើយសង្ឃឹមថា ភាគីនានានឹងអាចចាត់ទុកវេទិកាសហប្រតិបត្តិការរវាងសាលារៀននិងតំបន់មូលដ្ឋានជាកាលានុវត្តភាពសំខាន់ ដើម្បីបញ្ចេញឧត្តមភាពរៀងៗខ្លួន ខិតខំជំរុញឱ្យបុព្វហេតុផ្លាស់ប្តូរយុវជនឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត និងរួមវិភាគទានកាន់តែច្រើនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

  គួរបញ្ជាក់ថា មជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការយុវជនឡានឆាង-មេគង្គត្រូវបានបង្កើតឡើងនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩ ដែលជាវេទិកាអន្តររដ្ឋាភិបាលមួយទៀតអំពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ក្រោយពីបានបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គ មជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថានឡានឆាង-មេគង្គ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកសិកម្មឡានឆាង-មេគង្គ មជ្ឈមណ្ឌលនេះនឹងខិតខំបង្កើតវេទិកាអន្តរជាតិសម្រាប់ជំរុញការផ្លាស់ប្តូរមនុស្សសាស្ត្រ ការអភិវឌ្ឍន៍នៃយុវជន និងការបង្កើនកិច្ចសហប្រតិបត្តិការអប់រំថ្នាក់ឧត្តមសិក្សាក្នុងតំបន់ ដើម្បីបម្រើប្រយោជន៍សម្រាប់ការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រួមនៃសាកលវិទ្យាល័យ និងយុវជនរបស់បណ្តាប្រទេសនានាតាមទន្លេឡានឆាង-មេគង្គ