ក្រសួងការបរទេសចិន ៖ កម្មវិធីអបអរសាទរជិត ៦០ នឹងត្រូវរៀបចំឡើងក្នុងឱកាសខួបលើកទី ៥ នៃការចាប់ដំណើរការយន្តការស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

lmcchina.org, April 6, 2021
Size:

ក្នុងសន្និសីទអ្នកកាសែតដែលរៀបចំនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ លោកស្រី ហួ ឈុនយីង អ្នកនាំពាក្យនៃក្រសួងការបរទេសចិន បានលើកឡើងថា ឆ្នាំនេះជាខួបលើកទី នៃការចាប់ដំណើរការយន្តការស្តីពីកិច្ចសហប្រតិបត្តិការឡានទន្លេឆាង-មេគង្គ ។ ភាគីចិននឹងរួមសហការគ្នាជាមួយប្រទេសទន្លេមេគង្គ ដើម្បីរៀបចំសន្និសីទ វេទិកា កម្មវិធីបញ្ចាំងភាពយន្ត និងកម្មវិធីបង្កើតមុខជំនួញរបស់យុវជនជាដើម សរុបមានកម្មវិធីអបអរសាទរចំនួនជិត ៦០ ។

លោកស្រីបន្តទៀតថា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គជាយន្តការស្តីពីកិច្ចសហប្រតិបត្តិការកម្រិតអនុតំបន់បែបថ្មី ដែលប្រទេសចិនរួមគ្នាពិគ្រោះពិភាក្សា ស្ថាបនា និងចែករំលែកគ្នាជាមួយប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ។ ក្រោយពីយន្តការនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៦ រៀងមក ភាគីនានាបានទទួលសមិទ្ធផលច្រើនគួរឱ្យកត់សម្គាល់ ដែលបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំង ៦ តាមទន្លេឡានឆាង-មេគង្គ និងបានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃបណ្តាប្រទេសនានា ។ ប្រទេសចិនបានផ្តល់ប្រាក់ឥណទានដល់ប្រទេសទន្លេមេគង្គ សម្រាប់ការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតធំចំនួនជាង ៤០ គម្រោង ដូចជាផ្លូវថ្នល់ ព្រលានយន្តហោះ ស្ថានីយផលិតអគ្គិសនី ខ្សែបញ្ជូនអគ្គិសនី និងតំបន់ឧស្សាហកម្មជាដើម

លោកស្រីបញ្ជាក់ទៀតថា ភាគីចិនបានបង្កើតមូលនិធិពិសេសអំពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើវិស័យកសិកម្ម សុខាភិបាល កិច្ចកាត់បន្ថយភាពក្រីក្រ និងបរិស្ថានជាដើម ដែលបានគាំទ្រឱ្យអនុវត្តគម្រោងចំនួនជាង ៥០០ សម្រាប់ជាប្រយោជន៍របស់ប្រជាជន ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនោះ មាននិស្សិតជាង ២ ម៉ឺននាក់ដែលមកពីប្រទេសទន្លេមេគង្គទាំង ៥ បានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលចិនដើម្បីមកបន្តការសិក្សានៅប្រទេសចិន ។ នៅឆ្នាំ ២០១៩ អ្នកធ្វើដំណើរទៅមករវាងប្រទេសចិន និងប្រទេសទន្លេមេគង្គមានចំនួនជាង ៥០ លាននាក់ ចំណែកជើងហោះហើរជាប្រចាំមានចំនួនជិត ៣០០០ ជើងរៀងរាល់សប្តាហ៍ ។ តាំងពីឆ្នាំ ២០២០ មក ប្រទេសទាំង ខិតខំជំរុញកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខិតខំយ៉ាងសកម្មដើម្បីជំរុញការចូលធ្វើការ និងការស្តារឡើងវិញនូវផលិតកម្ម បន្តបង្កើនការផ្លាស់ប្តូរលើវិស័យវប្បធម៌ និងជំរុញឱ្យការធ្វើកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គស្ថិតនៅក្នុងកម្រិតខ្ពស់

លោកស្រីបានសង្កត់ធ្ងន់ថា ប្រទេសចិនជាអ្នកជិតខាងជិតស្និទ្ធនៃប្រទេសទន្លេមេគង្គទាំង ៥ ។ ប្រទេសចិនសង្ឃឹមថានឹងអាចជួយជំរុញការអភិវឌ្ឍន៍នៃប្រទេសទាំង ៥ តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា រួមគ្នាបង្កើតបរិយាកាសតំបន់ដែលប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព ពន្លឿនការកសាងខ្សែក្រវាត់សេដ្ឋកិច្ចឡានឆាង-មេគង្គ ចាក់បញ្ចូលនូវកម្លាំងចលករថ្មីសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ និងការស្វែងរកវិបុលភាពក្រោយពីកើតជំងឺកូវីដ-១៩ ព្រមទាំងរួមចំណែកក្នុងការកសាងសហគមន៍អាស៊ាន និងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់