អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបានកោតសរសើរកម្ពុជា ចំពោះការគ្រប់គ្រងជំងឺវីរុសកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព

CRI, March 18, 2021
Size:


អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបានកោតសរសើរប្រទេសកម្ពុជា នៅក្នុងការគ្រប់គ្រងជំងឺវីរុសកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព។ ការកោតសរសើរបានធ្វើឡើង ក្នុងពេលដែលអគ្គលេខាធិការរូបនេះបានជួបសន្ទនា តាមប្រព័ន្ធវីដេអូ ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការ កាលពីពេលថ្មីៗនេះ។

សេចក្តីប្រកាសព័ត៌មាន ជំនួបរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី តាមប្រព័ន្ធវីដេអូ ចេញផ្សាយនាថ្ងៃទី១៨ មីនា ២០២១បានឲ្យដឹងថា នៅក្នុងជំនួបនោះ រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ តែម្នាក់គត់ដែលបានបាត់បង់ជីវិត។ វ៉ាក់សាំងដែលជាអំណោយពីរដ្ឋាភិបាលចិន និង វ៉ាក់សាំងដំបូងបង្អស់ដែលទទួលបានក្នុងក្របខណ្ឌនៃយន្តការ Covax និង បានអនុញ្ញាតឱ្យកម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងដល់ប្រជាជន។ វ៉ាក់សាំងជាច្រើនទៀតត្រូវបានរំពឹងនឹងទទួលបាន ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ។

លោកជំទាវអគ្គលេខាធិការ MUSHIKIWABO បានកោតសរសើរប្រទេសកម្ពុជា ចំពោះការគ្រប់គ្រងជំងឺរាតត្បាតនេះ ប្រកបដោយប្រសិទ្ធភាព ។ លោកជំទាវបានរំឭកពីសេចក្តីសម្រេចដែលសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ហៅកាត់ថា OIF បានអនុម័តជាឯកច្ឆន្ទ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ សំដៅឱ្យសម្រេចបាននូវសាមគ្គីភាពអន្តរជាតិ និងការចែករំលែកវ៉ាក់សាំងប្រកបដោយសមធម៌ នៅក្នុងក្របខ័ណ្ឌនៃយន្តការ Covax និងជាមួយសហភាពអឺរ៉ុប។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា “គ្មានប្រទេសណាអាចចាត់ទុកថារួចផុតពីគ្រោះថ្នាក់បានទេ ប្រសិនបើប្រទេសផ្សេងទៀតមិនមានសុវត្ថិភាពនោះ។ វ៉ាក់សាំងនេះជាដំណោះស្រាយតែមួយគត់សម្រាប់ការវិលត្រឡប់ទៅរកស្ថានភាពធម្មតាឡើងវិញ។ លោកជំទាវ MUSHIKIWABO បានជូនដំណឹងពីបំណងប្រាថ្នារបស់លោកជំទាវ ក្នុងការបំពេញទស្សនកិច្ច ជាមួយឥស្សរជនហ្វ្រង់កូហ្វូនីមកពីសហភាពអឺរ៉ុប នៅប្រទេសកម្ពុជា នៅមុនដំណាច់ខែមេសាឆ្នាំ២០២១ ក្នុងគោលបំណងធ្វើការតស៊ូមតិ ដើម្បីទទួលបានការចាក់វ៉ាក់សាំងជាសកល និងប្រកបដោយសមធម៌ ក្រោមយន្តការ COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើនេះ និងបានប្រកាសថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីត្រូវតែបង្ហាញវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលកម្ពុជាលើកតម្កើងយ៉ាងសកម្មនូវការប្រើប្រាស់ភាសាបារាំង និងគុណតម្លៃហ្វ្រង់កូហ្វូនី។ យុទ្ធនាការចាក់វ៉ាក់សាំងពហុភាគីនេះនឹងទទួលបានការចាប់អារម្មណ៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ ដែលរៀបចំឡើងដោយប្រទេសកម្ពុជានៅដំណាច់ឆ្នាំ២០២១ ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា។ លោកជំទាវអគ្គលេខាធិការ បានសម្តែងនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនចំពោះប្រទេសកម្ពុជា និងបានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នៅក្នុងជំនួប កាលពីថ្ងៃទី១៦ មីនា ២០២១ ជារួម តាមសំណើរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសន្ទនាជាមួយលោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការ OIF អំពីប្រធានបទទាក់ទងនឹងការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយសមធម៌ និងជាសកល ។ ឯកឧត្តម ប្រាក់ សុខុន បានពាំនាំនូវការសួរសុខទុក្ខដ៏កក់ក្តៅរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះលោកជំទាវអគ្គលេខាធិការ OIF ផងដែរ៕