ក្រសួងការបរទេសចិនអំពាវនាវឱ្យប្រជាជនមីយ៉ាន់ម៉ាលើកមតិយោបល់ស្របតាមច្បាប់ កុំចាញ់បោកការញុះញង់ និងត្រូវអ្នកដទៃប្រើប្រាស់

CRI, March 16, 2021
Size:

ទាក់ទិននឹងស្ថានការណ៍នៅមីយ៉ាន់ម៉ា  លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបើកធ្វើកាលពីថ្ងៃទី ១៥ ខែ 

មីនា ថា ភាគីចិនសូមអំពាវនាវឱ្យប្រជាជនមីយ៉ាន់ម៉ាលើកមតិយោបល់ស្របតាមច្បាប់ កុំចាញ់បោកការញុះញង់និងត្រូវគេប្រើប្រាស់  ដើម្បីកុំឱ្យប៉ះពាល់ដល់ស្ថានការណ៍ទូទៅដែលប្រកបដោយចំណងមេត្រីភាពរវាងចិននិងមីយ៉ាន់ម៉ា  

លោក Zhao Lijian បានថ្លែងទៀតថា ភាគីចិនសង្ឃឹមថា បណ្តាភាគីនានានៅប្រទេសមីយ៉ាន់ម៉ាអាចរក្សាភាពស្ងៀមស្ងាត់និងអត់ធ្មត់ គិតពិចារណាពីផលប្រយោជន៍មូលដ្ឋានរបស់ប្រជាជនមីយ៉ាន់ម៉ា ប្រកាន់ខ្ជាប់នូវការដោះស្រាយទំនាស់និងការខ្វែងគំនិតតាមរយៈការសន្ទនានិងការពិគ្រោះពិភាក្សាក្រោមឆត្ររដ្ឋធម្មនុញ្ញនិងច្បាប់ ក៏ដូចជាបន្តជំរុញដំណើរផ្លាស់ប្តូរទៅជាលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន  បច្ចុប្បន្ននេះ ប្រការសំខាន់ជាងគេគឺ ការទប់ស្កាត់ការកើតមានការប៉ះទង្គិចថ្មីនិងសម្រេចបាននូវការបន្ធូរបន្ថយស្ថានការណ៍តានតឹងឱ្យបានឆាប់ៗ  

 ទាក់ទិននឹងហេតុការណ៍ដែលក្រុមហ៊ុនចិនត្រូវដុតបំផ្លាញនិងលួចប្លន់នៅមីយ៉ាន់ម៉ាលោក Zhao Lijian បានថ្លែងថា ហេតុការណ៍លើកនេះមានសភាពធ្ងន់ធ្ងរនិងអាក្រក់ណាស់  បន្ទាប់ពីកើតមានហេតុការណ៍នេះ ស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ាបានទាក់ទងជាបន្ទាន់ជាមួយសភាពាណិជ្ជកម្មសហគ្រាសចិននិងសហគ្រាសពាក់ព័ន្ធនៅមីយ៉ាន់ម៉ា និងទាមទារឱ្យអាជ្ញាធរប៉ូលីសក្នុងតំបន់ចាត់វិធានការខ្លាំងនិងមានប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាពរបស់សហគ្រាសនិងបុគ្គលិកចិននៅប្រទេសមីយ៉ាន់ម៉ា