រាជរដ្ឋាភិបាលកម្ពុជាបង្កើនការផ្សព្វផ្សាយ និងជំរុញឱ្យរួមគ្នាអនុវត្តន៍ច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ឱ្យមានប្រសិទ្ធិភាព

CRI, March 16, 2021
Size:

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យរួមគ្នាអនុវត្តន៍ច្បាប់ ស្ដីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ឱ្យមានប្រសិទ្ធិភាព ដើម្បីកុំ មានការឆ្លងរីករាលជំងឺនេះចូលក្នុងសហគមន៍កាន់តែច្រើនទៀត ខណៈដែលក្រសួងស្ថាប័នជំនាញកំពុងបន្តផ្សព្វផ្សាយច្បាប់នេះទៅដល់គ្រប់សាធារណជននៅទូទាំងប្រទេស។

ថ្លែងក្នុងសន្និសីទបំភ្លឺរឿងបង្កើតច្បាប់" ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវ " នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នាទីស្តីការក្រសួងសុខភិបាល ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា សន្និសីទសារព័ត៌មាន នាពេលនេះដើម្បី ផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងចូលរួមអនុវត្តវិធានការ សុខាភិបាលចាំបាច់នានា សំដៅការពារអាយុជីវិត សុខភាពសាធារណៈ សណ្តាប់ធ្នាប់សង្គម ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់នៃការឆ្លងនូវជំងឺនេះ ចំពោះវិស័យសង្គម សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ច្បាប់នេះបានកសាងឡើង ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការចម្លង ការរីករាលដាលនៃជំងឺនៅក្នុងសហគមន៍កម្ពុជា ជាពិសេសគឺការពារអាយុជីវិតប្រជាពលរដ្ឋ និងសុខភាពសាធារណៈ។

សូមបញ្ជាក់ថា ច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត» ត្រូវបានប្រកាសឱ្យប្រើប្រាស់ ជាផ្លូវការកាល ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ ដោយមាន ៦ជំពូក និង ១៨មាត្រា ដោយបានផ្តោតសំខាន់ថា បើបុគ្គលណាអ្នក គេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងចត្តាឡីស័ក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ១០លានរៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ។ ដោយឡែក ចំពោះបុគ្គលណាអ្នកគេច វេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាលត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល និងត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំកាលបើអំពើខាងលើនេះ បានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ៕