នាយករដ្ឋមន្ត្រីកម្ពុជាណែនាំដល់គ្រប់អភិបាលរាជធានី-ខេត្ត ពិចារណាផ្អាកពិធីមង្គលការ និងពិធីផ្សេងៗ ទូទាំងប្រទេសហើយ ទប់ស្កាត់ជំងឺកូវីដ១៩

CRI, March 16, 2021
Size:

យោងតាមសារសំឡេងណែនាំមួយ ចែកចាយតាមបណ្តាញសង្គម នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែរនាំដល់អភិបាលរាជធានី-ខេត្ត ឱ្យផ្អាកការរៀបចំពិធីមង្គលការ និងពិធីផ្សេងៗ ដើម្បីបញ្ចៀសការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នាពេលកន្លងទៅ សម្តេចបានផ្តល់សិទ្ធិ និងអំណាចដល់អភិបាលរាជធានី-ខេត្ត ក្នុងការសម្រេចបិទ ឬបើកនូវសកម្មភាពសង្គមផ្សេងៗ ។ តែបច្ចុប្បន្ននៅពេលជំងឺកូវីដ១៩ កំពុងផ្ទុះ និងមានការចម្លងជំងឺរវាងអ្នកមានជំងឺកូវីដ១៩ ទៅចូលរួមក្នុងកម្មពិធីផ្សេងនោះ វិធានការបិទសកម្មភាពសង្គម នៅតាមខេត្តនោះ មិនទាន់មានវិធានការនៅឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីករណីនៅខេត្តតាកែវ និងខេត្តកំពត ដែលអ្នកកើតជំងឺកូវីដ១៩ បានទៅចូលរួមក្នុងពិធី នាំឱ្យមានផលប៉ះពាល់កាន់តែខ្លាំង។ សម្តេច មានប្រសាសន៍ថា “ខ្ញុំសូមស្នើឱ្យអភិបាលខេត្ត អភិបាលរាជធានី ធ្វើការពិចារណាទាក់ទិនការចេញបទបញ្ជាផ្អាកជាបណ្តោះអាសន្ននូវពិធីមង្គលការ ឬពិធីផ្សេងៗនៅក្នុងខេត្ត។ សូមឯកឧត្តម លោកជំទាវ ពិនិត្យមើល ដើម្បីរៀបចំនូវលិខិតជូនដំណឹង ដើម្បីស្នើសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ទៅលើការផ្អាកជាបណ្តោះអាសន្ននូវការរៀបមង្គលការជាដើម”។