លោកBounnhang Vorachitប្រធានរដ្ឋឡាវនិងលោកThonglounនាយករដ្ឋមន្រ្តីឡាវបានជួបពិភាក្សាដោយឡែកពីគ្នាជាមួយលោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន

CRI, March 8, 2021
Size:

ថ្ងៃទី១៤ខែតុលា តាមម៉ោងក្នុងតំបន់ លោកBounnhang Vorachitអគ្គលេខាធិការនៃគណៈកម្មាធិការបជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវនិងជាប្រធានរដ្ឋឡាវនិងលោកThonglounនាយករដ្ឋមន្រ្តីឡាវបានជួបពិភាក្សាដោយឡែកពីគ្នាជាមួយលោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនដែលកំពុងបំពេញទស្សនកិច្ចនៅក្រុងវៀងចន្ទន៍ប្រទេសឡាវ។

      ថ្លែងក្នុងកិច្ចជំនួបជាមួយលោកBounnhang Vorachit លោកវ៉ាងអ៊ីបានលើកឡើងថា ភាគីចិនរីករាយគិតពិចារណាពីមុំនៃសហគមន៍រួមវាសនារវាងចិននិងឡាវ ដើម្បីពន្លឿនកិច្ចសហប្រតិបត្តិការអំពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ពង្រីកការធ្វើពាណិជ្ជកម្មនិងវិនិយោគទៅវិញទៅមក ក៏ដូចជាជួយភាគីឡាវឱ្យអភិវឌ្ឍសេដ្ឋកិច្ចនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជនផងដែរ។

      ជាការឆ្លើយតប លោកBounnhang Vorachitបានថ្លែងថា ភាគីឡាវរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយភាគីចិន ដើម្បីត្រួសត្រាយយ៉ាងសកម្មនូវវិស័យសហប្រតិបត្តិការថ្មី ក្នុងន័យធ្វើឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងឡាវនិងចិនកាន់តែសំបូរបែបថែមមួយកម្រិតទៀត ។

      ដោយឡែក ពេលជួបពិភាក្សាជាមួយលោកThongloun លោកវ៉ាងអ៊ីបានថ្លែងថា ភាគីចិនរីករាយបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាមួយឡាវ ដើម្បីជួយភាគីឡាវយកឈ្នះលើជំងឺឆ្លងក្នុងពេលឆាប់ៗ។

      ជាការឆ្លើយតប លោកThonglounបានបង្ហាញការជឿជាក់ថា ភាគីចិនមុខជានឹងក្លាយជាគំរូក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងលើពិភពលោកនិងជាកម្លាំងចលករសំខាន់បំផុតសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសកលក្នុងដំណាក់កាលបន្ទាប់ពីជំងឺឆ្លងជាមិនខាន៕