មីយ៉ាន់ម៉ា

lmcchina.org, March 7, 2021
Size:

មីយ៉ាន់ម៉ាជាប្រទេសមួយដែលមានអាកាសធាតុកក់ក្តៅ និងមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត ។ ប្រទេសនេះមានព្រៃព្រឹក្សាស្តុកស្តម្ភ មានភ្នំខ្ពស់ដែលព័ទ្ធជុំវិញដោយអ័ព្ទនិងពពក មានវប្បធម៌សាសនាព្រះពុទ្ធដ៏ក្រាស់ក្រែល និងមានទំនៀមទម្លាប់ប្រពៃណីដ៏វិសេសវិសាល ។ ប្រទេសមីយ៉ាន់ម៉ាមានអាកាសធាតុល្អពេញមួយឆ្នាំ ចំណែកទេសភាពដ៏មានកម្លាំងទាក់ទាញក៏បានផ្លាស់ប្តូរទៅតាមអាកាសធាតុដែរ

នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៦ កិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ១ បានប្រារឰនៅក្រុងសានយ៉ានៃខេត្តហៃណាន ឯកឧត្តម សែ ម៉ូកខាម អនុប្រធានាធិបតីមីយ៉ាន់ម៉ា បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ។ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៦ ឯកឧត្តម ឃ្យូ ទីង ទេសរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការលើកទី ២ ថា បច្ចុប្បន្ន សេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចតំបន់បានជួបនឹងបញ្ហាខ្វះកម្លាំងជំរុញ ដូច្នេះ ការបង្កើនកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គកាន់តែមានសារៈសំខាន់យ៉ាងក្រៃលែងចំពោះប្រទេសក្នុងអនុតំបន់ ការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គស្របនឹងផលប្រយោជន៍របស់ប្រទេសមីយ៉ាន់ម៉ា ហើយនឹងអាចផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនមីយ៉ាន់ម៉ា ប្រទេសមីយ៉ាន់ម៉ាសូមអបអរសាទរចំពោះការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនេះដោយជោគជ័យ ហើយសូមវាយតម្លៃខ្ពស់ចំពោះភាគីចិនដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាសហប្រធាន ភាគីមីយ៉ាន់ម៉ារីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីចិនក្រោមក្របខ័ណ្ឌទន្លេឡានឆាង-មេគង្គ

 

ទង់ជាតិមីយ៉ាន់ម៉ា

 

-ការឧទ្ទេសនាមដោយសង្ខេប

ប្រទេសមីយ៉ាន់ម៉ាស្ថិតនៅក្នុងតំបន់ភាគខាងលិចនៃឧបទ្វីបឥណ្ឌូចិន ។ ប្រទេសមីយ៉ាន់ម៉ាជាប់នឹងប្រទេសចិននៅទិសឦសាន ជាប់នឹងប្រទេសឥណ្ឌា និងបង់ក្លាដែសនៅទិសពាយ័ព្យ ជាប់នឹងប្រទេសឡាវ និងថៃនៅទិសអាគ្នេយ៍ ហើយជាប់នឹងឈូងសមុទ្របង់ក្លាដែស និងសមុទ្រអានដាម៉ាននៅទិសនិរតី ។ ប្រទេសមីយ៉ាន់ម៉ាមានឆ្នេរសមុទ្រប្រវែង ៣២០០ គីឡូម៉ែត្រ ដែលតំបន់ភាគច្រើនមានអាកាសធាតុខ្យល់មូសុងតំបន់ត្រូពិក ហើយមានសីតុណ្ហភាពជាមធ្យម ២៧ អង្សារ ។ តំបន់ម៉ានដាឡេមានសីតុណ្ហភាពជាអតិបរមាជាង ៤០ អង្សារ ។ ខែមករាជាខែដែលមានអាកាសធាតុត្រជាក់ជាងគេក្នុងមួយឆ្នាំ ដែលមានសីតុណ្ហភាពជាមធ្យមជាង ២០ អង្សារ ចំណែកខែមេសាមានអាកាសធាតុក្តៅជាងគេ ដែលមានសីតុណ្ហភាពជាមធ្យមប្រហែល ៣០ អង្សារ ។ បរិមាណទឹកភ្លៀងនៅកន្លែងផ្សេងៗមានការខុសគ្នា ឧទាហរណ៍ តំបន់ស្ងួតដែលស្ថិតនៅឆ្ងាយពីសមុទ្រមានទឹកភ្លៀង ៥០០-១០០០ មីល្លីម៉ែត្រ ចំណែកតំបន់ភ្នំ ឬតំបន់នៅជាប់ឆ្នេរសមុទ្រមានទឹកភ្លៀង ៣០០០-៥០០០ មីល្លីម៉ែត្រ ។ ប្រទេសមីយ៉ាន់ម៉ាមានខេត្ត ៧ រដ្ឋ ៧ និងតំបន់សហព័ន្ធ ។ ខេត្តជាតំបន់រស់នៅសំខាន់របស់ជនជាតិភូមា រដ្ឋជាតំបន់រស់នៅសំខាន់របស់ជនជាតិភាគតិច ចំណែកតំបន់សហព័ន្ធគឺរដ្ឋធានី ណៃពីដោ ។

 

-ទិវាបុណ្យសំខាន់

  ទិវាឯករាជ្យជាតិ  ថ្ងៃទី ៤ ខែមករា

  ទិវាបង្កើតកងទ័ព  ថ្ងៃទី ២៧ ខែមីនា

  ទិវាបាចទឹក  ពាក់កណ្តាលខែមេសា

 

-វិស័យទេសចរណ៍

   ប្រទេសមីយ៉ាន់ម៉ាមានទេសភាពស្រស់ស្អាត និងបុរាណដ្ឋានជាច្រើន ។ តំបន់ទេសចរណ៍សំខាន់ៗរួមមាន ប្រាសាទមាសនៅក្រុងរ៉ុងហ្គូន ក្រុងវប្បធម៌បុរាណម៉ានដាឡេ ក្រុងបាកានដែលមានប្រាង្គប្រាសាទរាប់ម៉ឺន ភូមិលើទឹកបឹង Inlay និង ឆ្នេរសមុទ្រ Ngapali ជាដើម ។ រដ្ឋាភិបាលមីយ៉ាន់ម៉ាខិតខំអភិវឌ្ឍវិស័យទេសចរណ៍ ទាក់ទាញអ្នកវិនិយោគបរទេសយ៉ាងសកម្ម និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍

 

-ការអប់រំ

រដ្ឋាភិបាលមីយ៉ាន់ម៉ាយកចិត្តទុកដាក់ដល់ការអភវិឌ្ឍវិស័យអប់រំ និងការដោះស្រាយបញ្ហាអនក្ខរកម្ម ។ អត្រាអក្ខរកម្មនៃប្រជាជនទូទាំងប្រទេសគឺ ៩៤,៧៥% ការអប់រំបែងចែកជាការអប់រំមុនចូលសាលារៀន ការអប់រំថ្នាក់មូលដ្ឋាន និងការអប់រំថ្នាក់ឧត្តមសិក្សា ។ សព្វថ្ងៃ នៅទូទាំងប្រទេសមានសាលារៀនថ្នាក់មូលដ្ឋានចំនួន ៤០៨៧៦ សាកលវិទ្យាល័យនិងវិទ្យាស្ថានចំនួន ១០៨ វិជ្ជាស្ថានគរុកោសល្យចំនួន ២០ សាកលវិទ្យាល័យបច្ចេកទេស និងវិទ្យាសាស្ត្រចំនួន ៦៣ និងសាកលវិទ្យាល័យ និងវិទ្យាស្ថានដែលគ្រប់គ្រងដោយក្រសួងចំនួន ២២ ។ សាកលវិទ្យាល័យល្បីឈ្មោះរួមមានសាកលវិទ្យាល័យរ៉ុងហ្គូន និងសាកលវិទ្យាល័យម៉ានដាឡេជាដើម

 

-វប្បធម៌ និងសាសនា

     ប្រទេសមីយ៉ាន់ម៉ាបានរងឥទ្ធិពលច្រើនពីវប្បធម៌ព្រះពុទ្ធសាសនា ។ វប្បធម៌ព្រះពុទ្ធសាសនាបានចាក់ប្ញសយ៉ាងស៊ីជម្រៅក្នុងអក្សរសាស្ត្រ សិល្បៈ តន្ត្រី របាំ គំនូរ រូបចម្លាក់ សំណង់ និងទំនៀមទម្លាប់របស់ជនជាតិផ្សេងៗនៅប្រទេសមីយ៉ាន់ម៉ា ។ ក្រោយពីទទួលបានឯករាជ្យភាព ប្រទេសមីយ៉ាន់ម៉ាបានខិតខំថែរក្សាវប្បធម៌ប្រពៃណី និងអភិរក្សបេតិកភណ្ឌវប្បធម៌ ។ វប្បធម៌ប្រពៃណីមានឥទ្ធិពលយ៉ាងទូលំទូលាយ និងដើរតួនាទីសំខាន់ក្នុងសង្គមមីយ៉ាន់ម៉ា ។ ស្ថាប័នវប្បធម៌សំខាន់នៃប្រទេសមីយ៉ាន់ម៉ារួមមាន ក្រុមល្ខោនជាតិ បណ្ណាល័យជាតិ សារមន្ទីរជាតិ និងសារមន្ទីរ Bogyore Aung San ជាដើម ។ នៅប្រទេសមីយ៉ាន់ម៉ាមានប្រជាជនជាង ៨៥% កាន់ព្រះពុទ្ធសាសនា ហើយមានប្រជាជន ៥% កាន់សាសនាគ្រិស្ត ប្រជាជន ៨% កាន់សាសនាអ៊ីស្លាម ប្រជាជន ០,% កាន់សាសនាឥណ្ឌា និងប្រជាជន ១,២១% ជឿជំនឿ animism